Wednesday, March 13, 2013

ងាយៗ​ជួយ​ឲ្យ​​នារី​ៗ​មាន​រាង​ស្អាត​ស្រឡូន​

ងាយៗ​ជួយ​ឲ្យ​​នារី​ៗ​មាន​រាង​ស្អាត​ស្រឡូន​ 

រាងកាយ​ដង​ខ្លួន​ស្អាត​ស្រឡូន គ្មាន​ដុះ​ក្បាល​ពោះ ខ្លាញ់ ឬ​ធាត់ គឺ​ជា​ក្ដី​ប្រាថ្នា​របស់​នារី​គ្រប់​ៗ​រូប ដើម្បី​មាន​មន្ត​ស្នេហ៍​លើ​កន្លង់​ជា​បុរសៗ​ដែល​កំពុង​ហើរ​ឆ្វៀលឆ្វាត់​ សម្លឹង​រក​មើល​បុប្ផា​។ មិត្ត​យុវវ័យ​ខ្លះ មិន​ពេញ​ចិត្ត​នឹង​រាង​ធាត់​ដុះ​ក្បាល ក៏​ប្រថុយ​ប្រើប្រាស់​ថ្នាំ​ពេទ្យ​មួយ​ចំនួន ដើម្បី​សម្រក​ទម្ងន់ ខណៈ​ខ្លះ​ទៀត បង្ខំ​ចិត្ត​កាត់​បន្ថយ​របប​អាហារ ឬ​បង្អត់​អាហារ​ខ្លួន​ឯង។ លទ្ធផល​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពេទ្យ ភាគ​ច្រើន​មិន​ដូច​ការ​រំពឹង​ទុក​ទេ គឺ​ផ្ទុយ​ទៅ​វិញ បែរ​ជា​ធ្វើ​ឲ្យ​មិត្ត​នារី​ខ្លះ រីក​ទទឹង (ឡើង​ទម្ងន់) និង​មាន​បញ្ហា​សុខភាព។
ដូច្នេះ​ហើយ  យើងសូម​​ណែនាំ​ពី​វិធីសាស្ត្រ​ងាយៗ​ខ្លះៗ​ដែល​អាច​ឲ្យ​មិត្ត​នារីៗ មាន​រាង​ស្អាត​ស្រឡូន ដោយ​មិន​ចាំបាច់​ប្រថុយ​ប្រថាន​ដូច​ខាង​លើ។ ចង់​ដឹង​ថា មាន​ខ្លះ សូម​តាម​ដាន​អាន​ខាង​ក្រោម៖
១. របប​អាហារ
តុល្យភាព​នៃ​របប​អាហារ សំខាន់​ណាស់ ដើម្បី​គ្រប់គ្រង​ទម្ងន់​។ ដូច្នេះ ការ​ជ្រើសរើស​អាហារ គួរ​តែ​ប្រយ័ត្ន​ប្រយែង។
បង្កើត ​តុល្យភាព​នៃ​របប​អាហារ​អ្នក៖ មាន​ន័យ​ថា អ្នក​ត្រូវ​ទទួល​ទាន​អាហារ​សាច់​ដែល​គ្មាន​ជាតិ​ខ្លាញ់​ច្រើន (សាច់​ជ្រូក) ត្រី (ប្រសើរ​បំផុត) បន្លែ​បៃតង និង​ផ្លែឈើ​សម្បូរ​វីតាមីន C ដើម្បី​បំប៉ន​ស្បែក​កាន់​តែ​តឹង​ណែន។ ជៀស​វាង ទទួល​ទាន​សាច់​សុទ្ធ ដោយ​គ្មាន​បន្លែ។ ពិសេស​លើស​នេះ បើ​អាច គួរ​ជៀស​វាង​ទទួល​ទាន​អាហារ fast food (ប៊ើហ្គើរ, ភីហ្សា, ភ្លៅ​មាន់​បំពង ជា​ដើម) ជា​ប្រចាំ ព្រោះ​វា​ជា​ប្រភព​នៃ​ជាតិ​ខ្លាញ់​ច្រើន។
គួរ ​ទទួល​ទាន​ទឹក​មួយ ឬ​ពីរ​កែវ មុន​នឹង​ទទួល​អាហារ​រៀងរាល់​ពេល។ ធ្វើ​បែប​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ការ​ស្រែក​ឃ្លាន​របស់​អ្នក ដែល​ជួយ​អ្នក​ឆាប់​ឆ្អែត។
ស៊ុប​បន្លែ៖ ចំពោះ​អ្នក​ធាត់​ស្រាប់ គួរ​ទទួល​ទាន​ស៊ុប​បន្លែ​ជា​ប្រចាំ ដើម្បី​កាត់​បន្ថយ​ទម្ងន់។ ធានា​ថា ក្នុង​រយៈ​ពេល ១ សប្ដាហ៍ អ្នក​នឹង​ទទួល​បាន​ផល​ជា​មិន​ខាន។
ទទួល​ទាន​តែ​ក្រូចឆ្មារ៖ ទម្លាប់​ទទួល​ទាន​តែ​ក្រូចឆ្មារ មួយ​ថ្ងៃ​ពីរ​ទៅ​បី​កែវ ជំនួស​កាហ្វេ ជា​ការ​ប្រសើរ។ បែប​នេះ អាច​សម្អាត​ជាតិ​ពុល​ក្នុង​ឈាម​អ្នក និង​ជា​លទ្ធផល​ធ្វើ​ឲ្យ​កោសិកា​ឈាម និង​ស្បែក​ស្រស់​ថ្លា។
២. សូ​ណា (Sauna)
ក្នុង ​រយៈ​ពេល ១៥ នាទី សូ​ណា​អាច​ធ្វើ​ឲ្យ​អ្នក​ហូរ​ញើស​ជា​មធ្យម​កន្លះ​លីត្រ។ បែក​ញើស មាន​ន័យ​ថា ជាតិ​ពុល​ក្នុង​ឈាម ឬ​រាងកាយ​អ្នក ត្រូវ​សម្អាត។ ញើស​ជា​ជាតិ​ពុល​ចេញ​ពី​រាងកាយ។ ដូច្នេះ ស្បែក​អ្នក​ទៀតសោត ប្រាកដ​ជា​តឹង​ណែន​រលោង​ជា​មិន​ខាន។
គប្បី​ទទួល​ទាន​ទឹក​ពីរ ឬ​បី កែវ បន្ទាប់​ពី​សូ​ណា​ម្ដងៗ ដើម្បី​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន។
សូ​ណា គួរ​មាន​រយៈ​ពេល​តែ ១៥ ទៅ ២០ នាទី ជា​ការ​ប្រសើរ។
អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម បេះដូង ឬ​ក្មេងៗ មិន​ត្រូវ​សូ​ណា​ជា​ដាច់​ខាត។
៣. ហាត់​ប្រាណ
លំហាត់ ​ប្រាណ​សម្រាប់​មិត្ត​នារីៗ មាន​ច្រើន​ប្រភេទ ដូចជា៖ លំហាត់​ប្រាណ aerobics បង្កើន​អុកស៊ីហ្សែន​ក្នុង​ឈាម ការ​វាយ​សី រាំ ហែល​ទឹក -ល-។ សកម្មភាព​រាង​កាយ​បែប​នេះ​ជា​ប្រចាំ រួម​ចំណែក​ក្នុង​ការ​ដុត​បំបែក​កាឡូរី​ដែល​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ រាងកាយ​អ្នក បំបាត់​ជាតិ​ពុល​ក្នុង​ឈាម និង​សម្រក​ទម្ងន់។ ម្យ៉ាងទៀត បន្ទាប់​ពី​សកម្មភាព​នឿយហត់​ទាំង​នេះ វា​នឹង​ជួយ​កាត់​បន្ថយ​ចំណង់​ទទួល​ទាន​របស់​អ្នក ពោល​គឺ​មិន​ទទួល​ទាន​ច្រើន។
៤. ដំណេក​គ្រប់គ្រាន់
បើ ​អ្នក​អនុវត្ត​បាន​តាម​ចំណុច​ទាំង​បី​ខាង​លើ តែ​បរាជ័យ​ត្រង់​ចំណុច​នេះ ក៏​ឥត​ប្រយោជន៍​ដដែល ព្រោះ​ដំណេក​ជា​កត្តា​សំខាន់​បំផុត។ ដំណេក​មិន​គ្រប់គ្រាន់ នឹង​ធ្វើ​ឲ្យ​សុខភាព​ស្បែក​អ្នក​ឆាប់​ចាស់ ពោល​គឺ​ស្បែក​មុខ​ចាស់ ស្បែក​ខ្លួន ដៃ​ជើង យារ គ្មាន​សំណើម។ ជា​មធ្យម អ្នក​គួរ​គេង​ ៨ ម៉ោង ក្នុង​មួយ​ថ្ងៃ ជា​ការ​ល្អ។
បម្រាម៖
  • ចៀស​វាង​បង្អត់​អាហារ​ខ្លួន​ឯង
  • ចៀស ​វាង​លេប​ថ្នាំ​រក្សា​រាង ឬ​សម្រក​ទម្ងន់ ព្រោះ​ថា ការ​ស្រក​ទម្ងន់​ឆាប់​ពេក នឹង​ធ្វើ​ឲ្យ​អ្នក​ខ្សោយ​បាក់​កម្លាំង​ជា​ពុំ​ខាន។ ម្យ៉ាងទៀត ត្បិត​តែ​ស្រក​មែន តែ​ស្បែក​អ្នក​គ្មាន​សំណើម គឺ​យារ​ជ្រីវជ្រួញ។ អេ​ហេ! ឯ​សាច់​គូថ​វិញ ប្រាកដ​ជា​រាប​ស្មើ​សំប៉ែត​ដូច​ចេក​អាំង​មិន​ខាន។ នារី​គ្មាន​សាច់​គូថ គឺ​មិន​បាច់​និយាយ​ទេ!


ធ្វើ​ម៉េច​កុំ​ឲ្យ​ភ្នែក​ខូច ពេល​ប្រើ​កុំព្យូទ័រ​ទៅ​ហ្ន៎?

ធ្វើ​ម៉េច​កុំ​ឲ្យ​ភ្នែក​ខូច ពេល​ប្រើ​កុំព្យូទ័រ​ទៅ​ហ្ន៎?

បច្ចុប្បន្ន បុគ្គលិក​ការិយាល័យ និង​សិស្ស​និស្សិត​ភាគ​ច្រើន ត្រូវ​តម្រូវ​ឲ្យ​ប្រើ​ប្រាស់​កុំព្យូទ័រ​សម្រាប់​ធ្វើ​ការងារ​ និង​រៀន​សូត្រ។ ធ្វើ​ការ​លើ និង​មើល​កុំព្យូទ័រ​រាប់​ម៉ោង​រៀងរាល់​ថ្ងៃ នឹង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ស្ពឹក និង​ឈឺ​ដែល​អាច​នឹង​ខូច​ភ្នែក (ចាញ់​ពន្លឺ ម៉្ញូប ជា​ដើម)។
ដូច្នេះ ដើម្បី​ការពារ​ភ្នែក​អ្នក​មិន​ឲ្យ​មាន​បញ្ហា ឬ​ខូច ពេល​ប្រើ​កុំព្យូទ័រ  សូម​បង្ហាញ​ជូន​វិធីសាស្ត្រ​ងាយៗ​មួយ​ចំនួន៖
១. ឲ្យ​ភ្នែក​សម្រាក៖ ជា​ការ​ប្រសើរ បើ​អ្នក​ងើប​ចេញ​ពី​កៅអី​ធ្វើការ និង​សម្លឹង​មើល​ទៅ​របស់​ផ្សេងៗ​ឆ្ងាយៗ​បន្តិច​នៅ​ជុំវិញ​ខ្លួន ប្រមាណ​ជា ១០ វិនាទី រហូត​ដល់​អ្នក​មាន​ អារម្មណ៍​ថា ភ្នែក​អ្នក​រាង​ធូរ​ស្បើយ​បន្តិច។ បន្ថែម​ពី​នេះ បើ​អ្នក​សម្លឹង​រុក្ខជាតិ (ផ្កា ឬ​ដើម​ឈើ) ពណ៌​បៃតង ជុំវិញ​ខ្លួន​អ្នក កាន់​តែ​ប្រសើរ។
២. ធ្វើ​ចលនា​ភ្នែក៖ បើ​សិន​អ្នក​ត្រូវ​អង្គុយ​ធ្វើការ​មុខ​កុំព្យូទ័រ​រាប់​ម៉ោង និង​មិន​អាច​ក្រោក​ចេញ​ពី​កៅអី​បាន អាច​ធ្វើ​ចលនា​ភ្នែក​បាន ពោល​គឺ​ធ្វើ​ឲ្យ​គ្រាប់​ភ្នែក​វិល​ជុំវិញ​ចុះ​ឡើងៗ។ វិល​ទៅ​ឆ្វេង វិល​ទៅ​ស្ដាំ វិល​ទៅ​លើ និង​វិល​ចុះ​ក្រោម។ ធ្វើ​បែប​នេះ​ដដែលៗ ៣ ដង ដើម្បី​ឲ្យ​ភ្នែក​បាន​សម្រាក។
៣. ព្រិច​ភ្នែក៖ ត្រូវ ​ព្រិច​ភ្នែក​ឲ្យ​បាន​ញឹកញាប់ ដើម្បី​រក្សា​សំណើម​ក្នុង​កែវ​ភ្នែក។ វិធី​សាស្ត្រ​នេះ សំខាន់​ណាស់ បើ​សិន​អ្នក​ពាក់ lense ភ្នែក។ មនុស្ស​ភាគ​ច្រើន​តែង​តែ​ផ្ដោត​លើ​ការ​ងារ​ពួកគេ​ខ្លាំង រហូត​ដល់​មិន​សូវ​ព្រិច​ភ្នែក ដែល​បណ្ដាល​ឲ្យ​កែវ​ភ្នែក​អ្នក​ស្ងួត។
៤. ដក​ដង្ហើម​ទៀង​ទាត់៖ ស្ដាប់ ​ឮ​ដំបូង អ្នក​នឹង​គិត​ថា បើ​មិន​ឲ្យ​ដក​ដង្ហើម មាន​តែ​ស្លាប់។ អេហេ! ត្រង់​នេះ​មាន​ន័យ​ថា ជា​ទូទៅ អ្នក​ដែល​អង្គុយ​សម្លឹង​ធ្វើ​ការ​លើ​កុំព្យូទ័រ​ដោយ​យក​ចិត្ត​ទុក​ដាក់ មាន​ចលនា​ដំណក​ដង្ហើម​តិច​ជាង​សព្វ​ដង។ ដូច្នេះ បើ​អ្នក​រំលឹក​ខ្លួន​ឯង​ធ្វើ​ចលនា​ដំណក​ដង្ហើម​ដូច​ធម្មតា វា​នឹង​ជួយ​ជំរុញ​ចលនា​ឈាម។
៥. រៀបចំ​កុំព្យូទ័រ៖ នេះ​ជា​បញ្ហា​បច្ចេកទេស​សំខាន់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន!
ក. ដាក់​អេក្រង់​កុំព្យូទ័រ​ឲ្យ​ទាប​ជាង​កម្ពស់​អ្នក​អង្គុយ ដើម្បី​ឲ្យ​ភ្នែក​សម្លឹង​បាញ់​ចុះ​ក្រោម។ ពេល​ដែល​អ្នក​សម្លឹង​ចុះ​ក្រោម មាន​ន័យ​ថា កែវ​ភ្នែក​អ្នក ការពារ​ដោយ​ត្របក​ភ្នែក ដែល​ធ្វើ​អ្នក​ឲ្យ​អ្នក​ព្រិច​ភ្នែក​ញឹក​ញយ​ដោយ​មិន​ដឹង​ខ្លួន និង​បង្កើត​ជា​ប្រេង​ការ​ពារ​កែវ​ភ្នែក។
ខ. សារេ​ចម្ងាយ​អេក្រង់​កុំព្យូទ័រ៖ ចម្ងាយ ​រវាង​ភ្នែក​អ្នក និង​អេក្រង់​កុំព្យូទ័រ គួរ​មាន​ចាប់​ពី ៥០ ទៅ ៧០ សង់ទីម៉ែត្រ និង​ទាប​ជាង​ខ្សែ​ភ្នែក​អ្នក​ពី ១០ ទៅ ២០ សង់ទីម៉ែត្រ។ មុំ និង​ចម្ងាយ អាច​កាត់​បន្ថយ​ភាព​នឿយហត់​របស់​ភ្នែកអ្នក​បាន។
គ. សារេ​ពន្លឺ​អេក្រង់​កុំព្យូទ័រ៖ ការ​ប្រើ​ពន្លឺ​អេក្រង់​កុំព្យូទ័រ ជា​បញ្ហា​ចំបាច់ ព្រោះ​ពន្លឺ​ភ្លឺ​ពេក នឹង​ប៉ះពាល់​ដល់​កែវ និង​ធ្វើ​ឲ្យ​ក្រហាយ​ហូរ​ទឹក​ភ្នែក។ បើ​អ្នក​ធ្វើ​ការ​នៅ​ទី​ភ្លឺ​មាន​ពន្លឺ​គ្រប់​គ្រាន់ អ្នក​អាច​សារេ​ពន្លឺ​អេក្រង់​កុំព្យូទ័រ​ឲ្យ​ភ្លឺ​ល្មម ឬ​លើស​នេះ​បន្តិច។ បើ​នៅ​ទី​ងងឹត អ្នក​គប្បី​បន្ថយ​ពន្លឺ​កុំ​ឲ្យ​ភ្លឺ​ខ្លាំង។
៦. កំណត់​ការ​ពាក់​ឡែន​ភ្នែក៖ បើ​អ្នក​ពាក់​ឡែន​ភ្នែក នោះ​ភ្នែក​មាន​ទឹក​ភ្នែក​តិច​តួច និង​ងាយ​នឹង​ស្ងួត។ ករណី​នេះ អ្នក​គប្បី​ប្រើ​វ៉ែនតា​ធម្មតា​ការពារ​ពន្លឺ​កុំព្យូទ័រ ជា​ការ​ប្រសើរ បើ​អ្នក​ប្រើ​កុំព្យូរទ័រ​យូរ។
៧. របប​អាហារ​ជំនួយ​ភ្នែក៖ ក្រៅ​ពី​វីធីសាស្ត្រ​ការពារ​ផ្ទាល់​ខាង​លើ អ្នក​ក៏​ត្រូវ​ម៉ត់ចត់​លើ​ការ​ជ្រើស​រើស​របប ​អាហារ​សម្រាប់​ជំនួយ​ភ្នែក​ផង​ដែរ។ អាហារ​ទាំង​នោះ​មាន​ដូច​ជា ត្រី​សមុទ្រ (salmon) បន្លៃ​បៃតង ការ៉ុត ស្ពៃ ដំឡូង​ជ្វា និង​ផ្លែឈើ​សម្បូរ​វីតាមីន A ដូច​ជា​ស្វាយ ប៉េងប៉ោះ ឪឡឹក-ល-។ លើស​ពី​នេះ កុំ​ភ្លេច​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​សម្ងួត​ទឹក​ក្នុង​កែវ​ភ្នែក៕

Sunday, March 10, 2013

ការសង្គ្រោះ​ចំពោះ​អ្នក​ដែល​សន្លប់​






     បញ្ហា​នៃ​ការ​សន្លប់ អាច​កើតមាន​នៅពេល​ណា ដែល​ការ​ផ្គត់​ផ្គត់​ឈាម​ទៅកាន់​ខួរក្បាល មាន​សភាព មិន​គ្រប់ គ្រាន់​ក្នុងពេល​មួយ​ស្របក់ ដែល​វា​អាច​ធ្វើអោយ​អ្នក​បាត់បង់​ស្មារតី​បាន​ភ្លាមៗ​ដែរ​។ ជាធម្មតា វា​អាច​កើតមាន ក្នុង​រយៈពេល​ខ្លី​នោះទេ​។​
    ការ​សន្លប់ អាច​នឹង​មិន​មាន​ស្ថានភាព​សំខាន់​ផ្នែក​វេជ្ជសាស្ត្រ ឬ មូលហេតុ​របស់​វា អាច​បណ្តាលមកពី ស្ថានភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ណាមួយ​។ ដូច្នេះ អ្នក​ត្រូវ​ចាត់ទុកថា ការបាត់បង់​ស្មារតី​នេះ ជា​ស្ថានភាព សង្គ្រោះបន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​មួយ រហូតដល់ សញ្ញា និង រោគសញ្ញា របស់​ជនរងគ្រោះ​មាន​សភាព​ធូរ ស្រាល និង មូលហេតុ​ដែល​បង្ក​អោយមាន​បញ្ហា​នេះ អាច​ធ្វើការ​កំណត់​បាន​។ អ្នក​ត្រូវ​ធ្វើ​ការពិភាក្សា បញ្ហា​នៃ​ការ​សន្លប់​ដែល​តែងតែ​កើតមាន​ម្តង​ហើយ​ម្តងទៀត ជាមួយនឹង​វេជ្ជបណ្ឌិត​អោយបាន​ត្រឹមត្រូវ ។​

​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ហាក់ដូចជា ចង់​សន្លប់​នោះ​អ្នក​ត្រូវ ៖

·         ធ្វើការ​តម្រេត​ខ្លួន ឬ អង្គុយ​ចុះ ដើម្បី​ជួយ​កាត់បន្ថយ​ឱកាស នៃ​ការដួលសន្លប់ ហើយ​អ្នក​មិនត្រូវ ក្រោកឈរ​វិញ​ភ្លាមៗ ពេក​នោះ​ទេ​។​

·         ដាក់​ក្បាល​របស់​អ្នក​នៅ​ចន្លោះ​ក្បាលជង្គង់ ប្រសិនបើ​អ្នក​ស្ថិតក្នុង​ស្ថានភាព​អង្គុយ ។​

​ប្រសិនបើ​អ្នក​ឃើញ​នរណា​ម្នាក់​សន្លប់ នោះ​អ្នក​ត្រូវ​ជួយ​គេ​ដោយ​៖

·         ដាក់​ជនរងគ្រោះ​អោយ​គេង​ផ្ងារ​។ ប្រសិន​បើ​ជន​រងគ្រោះ​នៅ​ដកដង្ហើម នោះ​ត្រូវ​ធ្វើអោយ​ដំណើរ ឈាមរ​ត់​ទៅ​កាន់​ខួរក្បាល​មាន​ឡើង​មាន ដោយ​ការដាក់​ជើង​របស់​ជន​រងគ្រោះ អោយ​ខ្ពស់​ជាង កម្រិត​បេះដូង ប្រហែលជា ៣០​សង់ទីម៉ែត្រ ប្រសិនបើ​អ្នក​អាចធ្វើ​បាន​។ ធ្វើការ​បន្ធូរ​ចង្កេះ​ខោ ឬ សំពត់​, ក្រវ៉ា​ត់ក ឬ ផ្នែក​នៃ​សំលៀក​បំពាក់​ដែល​មាន​សភាព​តឹង​ណែន​។ ដើម្បី​កាត់បន្ថយ​នូវ ឱកាស​នៃ​ការដួលសន្លប់​ឡើងវិញ នោះ​អ្នក​មិន​ត្រូវ​អោយ​ជនរងគ្រោះ​ឆាប់ ក្រោកឈរ​វិញ​ភ្លាម​ពេក នោះទេ​។  ប្រសិន​បើ​ជន​រងគ្រោះ នៅ​មិនទាន់​ដឹងខ្លួន ក្នុង​រយៈពេល​១​នាទី នោះ​អ្នក​ត្រូវ ប្រញាប់ ហៅ​រក​ក្រុម​សង្គ្រោះ អោយបាន​ជា​បន្ទាន់ ។​

·         ធ្វើការ​ពិនិត្យ​ផ្លូវដង្ហើម​របស់​ជនរងគ្រោះ ដើម្បី​អោយ​ប្រាកដថា វា​គ្មាន​ឧបសគ្គ​ដែល ធ្វើ​អោយ​ស្ទះ ដង្ហើម​។ ពិនិត្យ​តាមដាន រក​សញ្ញា​នៃ​ការ​ក្អួត​។​


·         ធ្វើ​ការពិនិត្យ​រក​សញ្ញា នៃ​ដំណើរការ​ឈាម​រត់ ( ការដកដង្ហើម​, ក្អក ឬ ការ​ធ្វើ​ចលនា​) ។ ប្រសិនបើ គ្មាន​សញ្ញា​ទាំងនេះ​ទេ នោះ​អ្នក​ត្រូវ​ចាប់ផ្តើម ធ្វើ​ចលនា​សង្គ្រោះ​បេះដូង​។ បន្ត​ធ្វើ​ការសង្គ្រោះ រហូត​ដល់​ក្រុម​សង្គ្រោះ​មកដល់ ឬ ជនរងគ្រោះ អាច​ចាប់ផ្តើម​មាន​ការដកដង្ហើម​ឡើងវិញ​បាន ។​
    ប្រសិន​បើ​ជន​រងគ្រោះ មាន​ការរង​របួស ដោយសារ​ការប៉ះទង្គិច​នៅ​ពេល​ដួល​សន្លប់ នោះ​អ្នក​ត្រូវធ្វើ ការព្យាបាល ស្នាម​ជាំ និង កន្លែង​ដាច់​រលាត់​នោះ អោយបាន​ត្រឹមត្រូវ និង ធ្វើការ​ឃាត់ឈាម ដោយ​ការ ដាក់​សម្ពាធ​ដោយផ្ទាល់ ៕​

Saturday, March 9, 2013

វិធី​បំបាត់​មុន​អង្កាម


វិធី​បំបាត់​មុន​អង្កាម

ផ្ទៃមុខ​ជាចំណុច​ដំបូង​បំផុត​ដែល​ មនុស្ស​នៅ​ជុំវិញ​ខ្លួន​លោកអ្នក​មើល​មុនគេ​បង្អស់ ក្រៅពី​សរីរាង្គ​ផ្សេង​ទៀត។ ដូច្នេះ​បញ្ហា មុខ​កើតមុន​ជារឿង​មួយ​សំខាន់​បំផុត​សម្រាប់​មិត្ដ​បុរស​នារី​នាពេល​ បច្ចុប្បន្ន​នេះ ដែល​ធ្វើឱ្យ​ពួកគាត់​ខិតខំ​ព្យាយាម​ធ្វើយ៉ាង​ណា​ដើម្បី​ឱ្យ ផ្ទៃមុខ​របស់​គាត់​ស្រស់ស្អាត និង​ជាទី​គយគន់​របស់​មនុស្ស​ផង​ទាំងពួង។ ស្ទើរតែ​គ្រប់​មនុស្ស​ទាំងអស់​ទៅហើយ​ដែលមាន​កើតនូវ​មុន អង្កាម​លើមុខ។ ពេលនេះ​លោកអ្នក​នាង​កញ្ញា​ទាំងអស់​ពិតជា​ចង់ដឹង​ថា តើធ្វើ​យ៉ាងណា​ទើប​កម្ចាត់​បញ្ហា​មុនអង្កាម​នេះបាន។

នៅលេខ​នេះ លោកអ្នក​ពិតជា​បានជ្រាប​ជាក់ជា​មិនខាន​ឡើយ អំពី​វិធី​បំបាត់​មុន​អង្កាម​នេះ តាម​រយៈការ​ធ្វើបទ​សម្ភាសន៍ជាមួយ​អ្នកនាង សោភា ម្ចាស់ហាង​ម៉ាលីនណា បកស្រាយ​នូវ​ប្រធាន​បទ​ខាងលើ​នេះ ដើម្បី​ចែកជូន​ដល់​ប្រិយមិត្ដ​អ្នកអាន​យកទៅ អនុវត្ដ​ដើម្បី​ផ្ទៃមុខ​ស្រស់ស្អាត។
វិធី​បំបាត់​មុន​អង្កាម
មុនអង្កាម​ជា​ប្រភេទ​មុនតូចៗ​ដែលកើត​នៅលើ​មុខ ដែល​ភាគច្រើន​វាកើត​នៅ​ច្រមុះ និង​ចង្កា​របស់​មនុស្ស​យើង ដែល​ធ្វើឱ្យ​លោកអ្នក​ពិបាក​ក្នុងការ​តុបតែង​មុខ ពេលដែល​ចេញទៅ​ណាមក​ណាម្ដងៗ។ ចំណែក​ឯវិធី​បំបាត់​មុនអង្កាម​វិញនោះ វា​មិនមែន​ជាការ​លំបាក​អ្វីទេ គឺ​គ្រាន់តែ​លោកអ្នក​ធ្វើការ​បកដោយ​ថ្នាំបក​មុន​យកវា​ចេញ ហើយ​ធ្វើការ​ម៉ាស្សា​មុខ​រាល់ពេល​ដែល​បកមុន។ លោកអ្នក​អាចប្រើ​ជាឡេ​ការពារ​ផ្ទៃមុខ នៅពេល​ដែល​លោកអ្នក​ចេញទៅ​ខាងក្រៅ កុំ​បណ្ដោយ​ឱ្យផ្ទៃ​មុខ​ត្រូវ​កម្ដៅថ្ងៃ​ដោយគ្មាន​អ្វីមកជួយ​ការពារ​នោះ។ កម្ដៅថ្ងៃ​អាចធ្វើ​ឱ្យ​លោកអ្នក​កើតមុន និង​ជាំមុខ​បានដោយ​ងាយ។
ជា​ធម្មតា​នៅពេល​ដែល​ត្រឡប់​មកពី​ខាងក្រៅ ផ្ទៃមុខ​តែងតែ​មាន​ធូលី​ដីហុយ​ជាប់នឹង​មុខជាក់​ជា​មិនខាន​ឡើយ ដូច្នេះ លោកអ្នក​គួរ​ជ្រើសរើស​ផលិតផល​មួយ​ចំនួន​មក​លុបលាង​មុខ​ដើម្បី​កុំឱ្យ​ កើតមុន។ ម្យ៉ាងវិញ​ទៀត​លោកអ្នក​អាច​ប្រើទឹក​ក្ដៅឧណ្ហ លាងមុខ​ក៏បាន។ ចំណែក​ឯវិធី​មួយទៀត​ដែលអាច​ឱ្យមុន​អង្កាម​របស់​លោកអ្នក​ថយចុះ​បន្ដិចម្ដង​ បាន ដោយ​ប្រើ​ក្រូចឆ្មារ​ចិតជា​បន្ទះ ស្ដើងៗ ហើយ​យកញី​សព្វ​ផ្ទៃមុខ វាក៏​ធ្វើឱ្យ​មុនអង្កាម​នោះជ្រុះ​បានដែរ។
វិធី​ទប់ស្កាត់​មុនអង្កាម
លោកអ្នក​ដែលកើត​មុនអង្កាម​នៅលើ​ផ្ទៃមុខ ជាពិសេស​គឺនៅ​លើច្រមុះ លោកអ្នក​គួរតែ​ឧស្សាហ៍​បកមុន​នោះចេញ ដោយ ថ្នាំ​បកមុន និងធ្វើ​ការ​ម៉ាស្សា​មុខជា​រៀងរាល់​មួយ​សប្ដាហ៍​ម្ដង ឬអាច​រយៈ​១០ថ្ងៃ​ម្ដង។ ការ​ប្រើប្រាស់​ឡេការពារ​ផ្ទៃមុខ​នៅពេល​ដែលចេញ​ទៅខាង​ក្រៅ និងការ​ជ្រើសរើស​ប្រើ​ផលិតផល​សម្អាត​មុខ​ក្រោយ​ពេលមក​ពីខាង​ក្រៅ នេះជា​រឿង​សំខាន់​មួយ​សម្រាប់​អស់លោក អ្នក​ទាំងអស់​គ្នា។
ដំបូន្មាន​អ្នក​ជំនាញ
បើចង់​បាន​ផ្ទៃមុខ​ស្រស់ស្អាតគ្មាន​មុន លោកអ្នក​ត្រូវចេះ​ថែរក្សា​ផ្ទៃមុខ​របស់​លោកអ្នក ត្រូវ​ម៉ាស្សា​មុខ ដើម្បី​សម្អាត​មុខ ដើម្បី​ធ្វើឱ្យ​ទន់​រលោង និង​គ្មានមុន។ លោកអ្នក​មិនត្រូវ​ប្រើប្រាស់​ផលិតផល​តាមគ្នា​នោះទេ ដោយសារ​តែ​ផ្ទៃមុខ​របស់​មនុស្ស​យើង មិនមែន​ដូចគ្នា​ទាំងអស់​នោះទេ។

អាហារ៣មុខ​ដែល​ជួយ​ឲ្យ​អ្នកគេង​លក់​ស្រួល​



អាហារ៣មុខ​ដែល​ជួយ​ឲ្យ​អ្នកគេង​លក់​ស្រួល​


​ការពិតទៅ​ការជ្រើសរើស​អាហារសម្រន់​នៅពេល​យប់​របស់​ អ្នក​មាន​ការប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ការ​គេង​របស់​អ្នក​។ វា​អាច​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នកគេង​លក់​យ៉ាង​ស្កប់ស្កល់​ដែរ​។ ខាងក្រោម​នេះ​គឺជា​ប្រភេទ​ផ្លែឈើ ៣ មុខ​ដែល​អ្នកជំនាញ​ណែនាំ​ថា​អាច​បង្ការ​ការ​គេង​មិន​លក់ និង​ធ្វើ​ឲ្យ​អ្នកគេង​លង់លក់​ស្កប់​ស្ក​ល់​។​
១. ផ្លែឈើ​រី (Cheeries)៖ តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ផ្លែឈើ​រី​គឺជា​ផ្លែឈើ​តែមួយគត់​ដែល​ជា​ប្រភព​នៃ​ម៉េឡាតូ​នី​ន (melatonin) ដែល​ជា​សារធាតុ​ម្យ៉ាង​ជួយ​គ្រប់​គ្រង់​នាឡិកា​ក្នុង​រាង្គ​កាយមនុស្ស​ឲ្យ​ គ្រប់​គ្រងការ​គេង​។ ក្នុងកំឡុងពេល​ដែល​ផ្លែ​ឈើ​រី​ផុត​រដូវ អ្នក​អាច​ពិសារ​ផ្លែ​ឈើ​រី​ក្រៀម ឬ​ទឹក​ផ្លែឈើ​រី​ជំនួស​វិញ​។ (​ផ្លែ​ទំពាំងបាយជូរ​ក៏​មាន​ផ្ទុក​ម៉េឡាតូ​នី​ន​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​ពិសារ​វា​ច្រើនជាង​ពិសារ​ផ្លែ​ឈើ​រី​ទើប​អាច​ទទួលបាន​ គុណប្រយោជន៍​ដូចគ្នា​)​។ ក្រុម​អ្នកស្រាវជ្រាវ​ដែល​បាន​សិក្សា​ពី​ម៉េឡាតូ​នី​ន​ដែល​មាន​ក្នុង​ផ្លែ​ ឈើរី បាន​ណែនាំ​ឲ្យ​ពិសារវា​មួយ​ម៉ោង​មុន​ពេល​ចូល​គេង​។​
២. ផ្លែ​ចេក​៖ ប៉ូ​តា​ស្យូម និង​ម៉ាញេស្យូម គឺជា​សារធាតុ​ធម្មជាតិ​ជួយ​បន្ធូរ​សាច់ដុំ ហើយ​ផ្លែ​ចេក​គឺ​ជា​ប្រភព​នៃ​សារធាតុ​ទាំងពីរ​នេះ​។ វា​ក៏​មាន​ផ្ទុក​អាមីណូអាស៊ីត L-tryptophan ដែល​នឹង​ត្រូវបំលែង​ទៅជា 5-HTP នៅ​ក្នុង​ខួរក្បាល​។ 5-HTP នេះ​នឹង​ត្រូវបំលែង​ទៅជា សេរ៉ូ​តូនី​ន (serotonin) ដែល​ជា​សារធាតុ​បញ្ជូន​រំញោច​សរសៃប្រសាទ​ពី​កោសិកា​មួយ​ទៅ​កោសិកា​មួយ និង​ម៉េឡាតូ​នី​ន​។​
៣. ទឹកដោះគោក្តៅ​៖ ការ​ញ៉ាំ​ទឹកដោះគោក្តៅ​អាចជួយ​ឲ្យ​អ្នកគេង​លក់​ស្រួល​បាន​។ បើ​តាម​ការវិភាគ​របស់​ក្រុម​អ្នកស្រាវជ្រាវ​បាន​ឲ្យដឹង​ថា ការ​លាយ​ទឹកដោះគោ​ជាមួយនឹង​នំប៊័ង​អាំង ឬ​ម្សៅ oatmeal គឺ​កាន់តែ​មាន​ប្រសិទ្ធិភាព​ក្នុងការ​ធ្វើឲ្យ​គេ​ងលក់​ស្កប់ស្កល់​។ វា​ក៏​ដូចជា​ផ្លែ​ចេក​ដែរ ទឹកដោះគោ​សម្បូរ​ទៅ​ដោយ​អាមីណូអាស៊ីត L-tryptophan​។ ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម និង​សារធាតុ​ខនិជ​ផ្សេងទៀត ដែល​ត្រូវបាន​គេ​រកឃើញ​ថា​ជា​សារធាតុ​ជួយ​បន្ធូរ​អារម្មណ៍​។​