បច្ចុប្បន្ន បុគ្គលិក​ការិយាល័យ និង​សិស្ស​និស្សិត​ភាគ​ច្រើន ត្រូវ​តម្រូវ​ឲ្យ​ប្រើ​ប្រាស់​កុំព្យូទ័រ​សម្រាប់​ធ្វើ​ការងារ​ និង​រៀន​សូត្រ។ ធ្វើ​ការ​លើ និង​មើល​កុំព្យូទ័រ​រាប់​ម៉ោង​រៀងរាល់​ថ្ងៃ នឹង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ស្ពឹក និង​ឈឺ​ដែល​អាច​នឹង​ខូច​ភ្នែក (ចាញ់​ពន្លឺ ម៉្ញូប ជា​ដើម)។
ដូច្នេះ ដើម្បី​ការពារ​ភ្នែក​អ្នក​មិន​ឲ្យ​មាន​បញ្ហា ឬ​ខូច ពេល​ប្រើ​កុំព្យូទ័រ  សូម​បង្ហាញ​ជូន​វិធីសាស្ត្រ​ងាយៗ​មួយ​ចំនួន៖
១. ឲ្យ​ភ្នែក​សម្រាក៖ ជា​ការ​ប្រសើរ បើ​អ្នក​ងើប​ចេញ​ពី​កៅអី​ធ្វើការ និង​សម្លឹង​មើល​ទៅ​របស់​ផ្សេងៗ​ឆ្ងាយៗ​បន្តិច​នៅ​ជុំវិញ​ខ្លួន ប្រមាណ​ជា ១០ វិនាទី រហូត​ដល់​អ្នក​មាន​ អារម្មណ៍​ថា ភ្នែក​អ្នក​រាង​ធូរ​ស្បើយ​បន្តិច។ បន្ថែម​ពី​នេះ បើ​អ្នក​សម្លឹង​រុក្ខជាតិ (ផ្កា ឬ​ដើម​ឈើ) ពណ៌​បៃតង ជុំវិញ​ខ្លួន​អ្នក កាន់​តែ​ប្រសើរ។
២. ធ្វើ​ចលនា​ភ្នែក៖ បើ​សិន​អ្នក​ត្រូវ​អង្គុយ​ធ្វើការ​មុខ​កុំព្យូទ័រ​រាប់​ម៉ោង និង​មិន​អាច​ក្រោក​ចេញ​ពី​កៅអី​បាន អាច​ធ្វើ​ចលនា​ភ្នែក​បាន ពោល​គឺ​ធ្វើ​ឲ្យ​គ្រាប់​ភ្នែក​វិល​ជុំវិញ​ចុះ​ឡើងៗ។ វិល​ទៅ​ឆ្វេង វិល​ទៅ​ស្ដាំ វិល​ទៅ​លើ និង​វិល​ចុះ​ក្រោម។ ធ្វើ​បែប​នេះ​ដដែលៗ ៣ ដង ដើម្បី​ឲ្យ​ភ្នែក​បាន​សម្រាក។
៣. ព្រិច​ភ្នែក៖ ត្រូវ ​ព្រិច​ភ្នែក​ឲ្យ​បាន​ញឹកញាប់ ដើម្បី​រក្សា​សំណើម​ក្នុង​កែវ​ភ្នែក។ វិធី​សាស្ត្រ​នេះ សំខាន់​ណាស់ បើ​សិន​អ្នក​ពាក់ lense ភ្នែក។ មនុស្ស​ភាគ​ច្រើន​តែង​តែ​ផ្ដោត​លើ​ការ​ងារ​ពួកគេ​ខ្លាំង រហូត​ដល់​មិន​សូវ​ព្រិច​ភ្នែក ដែល​បណ្ដាល​ឲ្យ​កែវ​ភ្នែក​អ្នក​ស្ងួត។
៤. ដក​ដង្ហើម​ទៀង​ទាត់៖ ស្ដាប់ ​ឮ​ដំបូង អ្នក​នឹង​គិត​ថា បើ​មិន​ឲ្យ​ដក​ដង្ហើម មាន​តែ​ស្លាប់។ អេហេ! ត្រង់​នេះ​មាន​ន័យ​ថា ជា​ទូទៅ អ្នក​ដែល​អង្គុយ​សម្លឹង​ធ្វើ​ការ​លើ​កុំព្យូទ័រ​ដោយ​យក​ចិត្ត​ទុក​ដាក់ មាន​ចលនា​ដំណក​ដង្ហើម​តិច​ជាង​សព្វ​ដង។ ដូច្នេះ បើ​អ្នក​រំលឹក​ខ្លួន​ឯង​ធ្វើ​ចលនា​ដំណក​ដង្ហើម​ដូច​ធម្មតា វា​នឹង​ជួយ​ជំរុញ​ចលនា​ឈាម។
៥. រៀបចំ​កុំព្យូទ័រ៖ នេះ​ជា​បញ្ហា​បច្ចេកទេស​សំខាន់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន!
ក. ដាក់​អេក្រង់​កុំព្យូទ័រ​ឲ្យ​ទាប​ជាង​កម្ពស់​អ្នក​អង្គុយ ដើម្បី​ឲ្យ​ភ្នែក​សម្លឹង​បាញ់​ចុះ​ក្រោម។ ពេល​ដែល​អ្នក​សម្លឹង​ចុះ​ក្រោម មាន​ន័យ​ថា កែវ​ភ្នែក​អ្នក ការពារ​ដោយ​ត្របក​ភ្នែក ដែល​ធ្វើ​អ្នក​ឲ្យ​អ្នក​ព្រិច​ភ្នែក​ញឹក​ញយ​ដោយ​មិន​ដឹង​ខ្លួន និង​បង្កើត​ជា​ប្រេង​ការ​ពារ​កែវ​ភ្នែក។
ខ. សារេ​ចម្ងាយ​អេក្រង់​កុំព្យូទ័រ៖ ចម្ងាយ ​រវាង​ភ្នែក​អ្នក និង​អេក្រង់​កុំព្យូទ័រ គួរ​មាន​ចាប់​ពី ៥០ ទៅ ៧០ សង់ទីម៉ែត្រ និង​ទាប​ជាង​ខ្សែ​ភ្នែក​អ្នក​ពី ១០ ទៅ ២០ សង់ទីម៉ែត្រ។ មុំ និង​ចម្ងាយ អាច​កាត់​បន្ថយ​ភាព​នឿយហត់​របស់​ភ្នែកអ្នក​បាន។
គ. សារេ​ពន្លឺ​អេក្រង់​កុំព្យូទ័រ៖ ការ​ប្រើ​ពន្លឺ​អេក្រង់​កុំព្យូទ័រ ជា​បញ្ហា​ចំបាច់ ព្រោះ​ពន្លឺ​ភ្លឺ​ពេក នឹង​ប៉ះពាល់​ដល់​កែវ និង​ធ្វើ​ឲ្យ​ក្រហាយ​ហូរ​ទឹក​ភ្នែក។ បើ​អ្នក​ធ្វើ​ការ​នៅ​ទី​ភ្លឺ​មាន​ពន្លឺ​គ្រប់​គ្រាន់ អ្នក​អាច​សារេ​ពន្លឺ​អេក្រង់​កុំព្យូទ័រ​ឲ្យ​ភ្លឺ​ល្មម ឬ​លើស​នេះ​បន្តិច។ បើ​នៅ​ទី​ងងឹត អ្នក​គប្បី​បន្ថយ​ពន្លឺ​កុំ​ឲ្យ​ភ្លឺ​ខ្លាំង។
៦. កំណត់​ការ​ពាក់​ឡែន​ភ្នែក៖ បើ​អ្នក​ពាក់​ឡែន​ភ្នែក នោះ​ភ្នែក​មាន​ទឹក​ភ្នែក​តិច​តួច និង​ងាយ​នឹង​ស្ងួត។ ករណី​នេះ អ្នក​គប្បី​ប្រើ​វ៉ែនតា​ធម្មតា​ការពារ​ពន្លឺ​កុំព្យូទ័រ ជា​ការ​ប្រសើរ បើ​អ្នក​ប្រើ​កុំព្យូរទ័រ​យូរ។
៧. របប​អាហារ​ជំនួយ​ភ្នែក៖ ក្រៅ​ពី​វីធីសាស្ត្រ​ការពារ​ផ្ទាល់​ខាង​លើ អ្នក​ក៏​ត្រូវ​ម៉ត់ចត់​លើ​ការ​ជ្រើស​រើស​របប ​អាហារ​សម្រាប់​ជំនួយ​ភ្នែក​ផង​ដែរ។ អាហារ​ទាំង​នោះ​មាន​ដូច​ជា ត្រី​សមុទ្រ (salmon) បន្លៃ​បៃតង ការ៉ុត ស្ពៃ ដំឡូង​ជ្វា និង​ផ្លែឈើ​សម្បូរ​វីតាមីន A ដូច​ជា​ស្វាយ ប៉េងប៉ោះ ឪឡឹក-ល-។ លើស​ពី​នេះ កុំ​ភ្លេច​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​សម្ងួត​ទឹក​ក្នុង​កែវ​ភ្នែក៕