Tuesday, January 15, 2013

របៀបប្រើប្រាស់ទឹកថ្នាំ​ខ្ពុរមាត់ ឱ្យបានត្រឹមត្រូវ

របៀបប្រើប្រាស់ទឹកថ្នាំ​ខ្ពុរមាត់ ឱ្យបានត្រឹមត្រូវ


ទឹកថ្នាំខ្ពុរមាត់ មានសារៈប្រយោជន៍ច្រើនណាស់ នៅក្នុងការថែរក្សាសុខភាពមាត់ធ្មេញ ដែលជួយឱ្យធ្មេញមានសុខភាពល្អ បំបាត់នូវក្លិនស្អុយនៅក្នុងមាត់ និងជួយការពារអញ្ចាញធ្មេញជាដើម។ ប៉ុន្ដែទឹកថ្នាំខ្ពុរមាត់ក៏បាន ផ្ដល់នូវផលវិបាកវិញដែរ បើសិនជាលោកអ្នកប្រើខុស ឬមិនត្រូវទៅតាមការណែនាំ របស់អ្នកជំនាញនោះ។
ទឹកថ្នាំខ្ពុរមាត់គឺជាអ្វី?
ទឹកថ្នាំខ្ពុរមាត់ គឺជាសូល្យុងម្យ៉ាង ដែលមានលាយនូវសារធាតុជាច្រើន រួមមានទាំងជាតិអាល់កុលផងដែរ ដោយមានទៅតាមប្រភេទទឹកថ្នាំខ្ពុរមាត់។ ចំពោះទឹកថ្នាំខ្ពុរមាត់ខ្លះ មានជាតិអាល់កុលទៅដល់ ២៦.៦ភាគរយ ហើយទឹកថ្នាំមួយចំនួនទៀត មានត្រឹមតែ១៨,៩ភាគរយ និង១៤.៥ភាគរយ ទៅតាមប្រភេទថ្នាំ ប៉ុន្ដែចំពោះទឹកថ្នាំខ្ពុរមាត់ខ្លះ ក៏មិនមានជាតិអាល់កុលដែរ។ ដូចនេះចំពោះ ទឹកថ្នាំខ្ពុរមាត់គឺមានច្រើនប្រភេទ ទៅតាមក្លិន និងទៅតាមតម្រូវការរបស់មនុស្សម្នាក់ៗ។
សារៈប្រយោជន៍នៃទឹកថ្នាំខ្ពុរមាត់
ជាការពិតណាស់ទឹកថ្នាំខ្ពុរមាត់ បានផ្ដល់នូវសារៈប្រយោជន៍ជាច្រើនដូចជា ៖
· អាចសម្លាប់មេរោគដែលនៅជុំវិញជាលិកាធ្មេញ។
· ទឹកថ្នាំខ្ពុរមាត់អាចជួយការពារធ្មេញ និងជួយការពារអញ្ចាញធ្មេញឱ្យបានល្អ។
· ចំពោះធ្មេញពុកដែលមានប្រហោងតូចៗ បើសិនជាទុកយូរៗទៅ អាចក្លាយទៅជាប្រហោងធំ រហូតទៅដល់បណ្ដូលធ្មេញ។ ដូចនេះបើសិនជាលោកអ្នក ប្រើទឹកថ្នាំខ្ពុរមាត់ កាវិវត្ដន៍ដែលធ្វើឱ្យធ្មេញខូចនោះ វាអាចទៅជាយឺតយ៉ាវ ព្រោះនៅពេលដែលលោកអ្នកប្រើប្រាស់ ទឹកថ្នាំខ្ពុរអាចធ្វើឱ្យមេរោគងាប់ ជាបន្ដបន្ទាប់បន្ដិចម្ដងៗ ដែលអាចធ្វើឱ្យធ្មេញមានសុខភាពល្អឡើងវិញ។
· ចំពោះជាលិកាខ្លះ ដូចជាអញ្ចាញធ្មេញដែលកើត ទៅជាអាប់ធ្មេញឬកើតបញ្ហាមួយចំនួន កាលណាប្រើទឹកថ្នាំខ្ពុរមាត់ អាចធ្វើឱ្យជាលិកានៅជុំវិញ មាត់មានសុខភាពល្អ និងធ្វើឱ្យមានក្លិនល្អថែមទៀតផង។
· ការប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ ក៏អាចជួយឱ្យធ្មេញមិនមានបញ្ហាដូចជារង្គោះរង្គើនោះទេ។
· ចំពោះស្ដ្រីមានផ្ទៃពោះវិញ អាចធ្វើឱ្យធ្មេញមានសុខភាពល្អមិនមានបញ្ហា ព្រោះនៅពេលមានផ្ទៃពោះសុខភាពមាត់ធ្មេញ វាសំខាន់ណាស់សម្រាប់ស្ដ្រីដែលជាមាតា។
របៀបប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ឱ្យបានត្រឹមត្រូវ
ដើម្បីប្រើប្រាស់ទឹកថ្នាំខ្ពុរឱ្យបានត្រឹមត្រូវ ដែលមិនអាចបង្កឱ្យកើតមានបញ្ហានោះ លោកអ្នកត្រូវអនុវត្ដទៅតាមការណែនាំ របស់អ្នកជំនាញមួយចំនួនដូចជា ៖
· លោកអ្នកត្រូវយល់ដឹងថា ទឹកថ្នាំខ្ពុរមានសារជាតិអ្វីខ្លះ មានការទទួលស្គាល់ត្រឹមត្រូវដែរឬអត់? មានកាលបរិច្ឆេទដែរឬអត់ និងមានកម្រិត ជាតិអាកុលខ្ពស់ដែរឬទេ
· ចំពោះទឹកថ្នាំខ្ពុរមាត់ ដែលមានជាតិអាកុលច្រើន លោកអ្នកមិនអាចខ្ពុរមាត់បានយូរនោះទេ គឺត្រូវតែមានកម្រិតសម្រាប់ប្រើប្រាស់។ តើត្រូវដាក់ទឹកថ្នាំខ្ពុរមាត់ប៉ុន្មាន ឬត្រូវលាយជាមួយទឹកបរិសុទ្ធដែរឬទេ?
· សម្រាប់វិធីដែលល្អបំផុត នៅក្នុងការប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ ជាដំបូងលោកអ្នកត្រូវតែប្រើប្រាស់ ទឹកបរិសុទ្ធសម្រាប់លាយ ជាមួយទឹកថ្នាំខ្ពុរមាត់ ដើម្បីខ្ពុរមាត់ឱ្យបានយូរ និងអាចការពារកុំឱ្យវាក្រហាយ ឬរលាកមាត់ខ្លាំងពេក។
ឧទាហរណ៍បើសិនជា លោកអ្នកខ្ពុរមាត់ដោយប្រើទឹកថ្នាំខ្ពុរមាត់សុទ្ធ ដែលមានជាតិអាល់កុល លោកអ្នកត្រូវខ្ពុរពី១៥វិនាទីទៅ២០វិនាទី ដោយត្រូវក្រលែង ឱ្យសព្វគ្រប់កន្លែង នៃកោសិកាធ្មេញនៅក្នុងមាត់។ បើសិនជាទឹកថ្នាំដែលមាន ជាតិអាល់កុល ហើយលាយជាមួយទឹកបរិសុទ្ធនោះ លោកអ្នកអាចខ្ពុរបានពី ៣នាទីទៅ៥នាទីជាការស្រេច៕
Looking Today
 

0 comments:

Post a Comment