Friday, January 18, 2013

មហា​សេដ្ឋី​​ប៊ីលហ្កេត​ផ្តល់​ប្រាក់​ជាង​១០​លាន​ដុល្លារ​សម្រាប់​ធ្វើ​បង្គន់​នៅ​កម្ពុជា​និង​វៀតណាម

មហា​សេដ្ឋី​​ប៊ីលហ្កេត​ផ្តល់​ប្រាក់​ជាង​១០​លាន​ដុល្លារ​សម្រាប់​ធ្វើ​បង្គន់​នៅ​កម្ពុជា​និង​វៀតណាម


​វ៉ាស៊ីនតោន៖ ពលរដ្ឋ​កម្ពុជា​និង​វៀតណាម​ចំនួន​​​មួយ​លាន​​ប្រាំពីរ​សែន​​ នាក់​​នឹង​​មាន​​បង្គន់​អនាម័យ​ប្រើ​ប្រាស់​​និង​ទទួល​បាន​​ការយល់​ដឹង​ពី​ បញ្ហា​សុខភាព​អនាម័យ​​ចាប់​ពី​ពេល​នេះ​រហូតដល់​ឆ្នាំ​២០១៥​ដោយ​សារ​ការផ្តល់ ​មូលនិធិ​ពី​មហា​សេដ្ឋី​ប៊ីលហ្កេត។

អង្គការ​ East ​Meets​ West​បាន​បញ្ជាក់​ថា​មូលនិធិ​ប៊ីល​និង​មេលីនដា​ហ្កេត​បាន​ផ្តល់​ថវិកា​ចំនួន ​១០,៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​មកដល់​អង្គការ​នេះ​ដើម្បី​ជួយ​ធ្វើ​ឱ្យ​ ប្រសើរ​ឡើង​ដល់​សុខភាព​អនាម័យ​ក្នុង​ចំណោម​ពលរដ្ឋ​ជនបទ​ក្រីក្រ​នៅ​ប្រទេស​ កម្ពុជា​និង​វៀតណាម​​ដោយ​ចាប់​អនុវត្ត​ពី​ ឆ្នាំ​២០១២​នេះ​តទៅ។ 

លោក​ ចន អានណឺ ​ប្រធាន​អង្គការ​ East Meets West ​បញ្ជាក់​ថា​​មាន​ប្រជា​ពលរដ្ឋ​​​កម្ពុជា​ចំនួន​៨០​ភាគរយ​​​ខ្វះខាត​អនាម័យ​ នៅ​តាម​គេហដ្ឋាន​បើ​ប្រៀបធៀប​នឹង​ប្រទេស​វៀតណាម​ដែល​មាន​តែ​ត្រឹម​៥០​ភាគរយ​ ប៉ុណ្ណោះ។

លោក​ អានណឺ​បញ្ជាក់​បន្ថែម​ថា​ក្នុង​មួយ​ឆ្នាំៗ​មាន​មនុស្ស​ចំនួន​១៧.០០០​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​​ទាំង​ពីរ​នេះ​ដែល​ភាគច្រើន​ជា​កុមារ​ដែល​មាន​ អាយុ​ក្រោម​៥ឆ្នាំ​ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខាត​បង់​​ប្រាក់​កាស​ចំនួន​១.២០០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ទៅ​លើ​ការព្យាបាល​សុខភាព​និង​មិន​បាន​ទៅ​ ធ្វើ​ការ។ ទាំង​អស់​នេះ​ដោយ​សារ​តែ​ការបន្ទោរ​បង់​ពាស​វាល​ពាស​កាល​ដោយ​គ្មាន​អនាម័យ​ ត្រឹមត្រូវ។​

«ដូច្នេះ​យើង​ឃើញ​ថា​អនាម័យ​មិន​គ្រាន់​តែ​ជា​បញ្ហា​សុខភាព​ប៉ុណ្ណោះ​ទេ​ក៏​ ប៉ុន្តែ​ជា​បញ្ហា​ដែល​អាច​ជួយ​ក្រុម​គ្រួសារ​នានា​ដែល​ជាប់​​កុន​ក្នុង​វដ្ត ​នៃ​ភាពក្រីក្រ​ហើយ​ពិបាក​ក្នុង​ការ​ខំ​ប្រឹង​ចាក​ចេញ​ពី​ភាពក្រីក្រ​នៅ​ពេល ​ដែល​ពួកគេ​ទទួល​រង​ផល​ប៉ះពាល់​ជា​ប្រចាំ​ដោយ​សារ​ជំងឺ​ដែល​កើត​មក​ពី​ ការប្រើ​ប្រាស់​ទឹក»។ 

អង្គការ​East Meets West ​ប្រើ​ប្រាស់​​ថវិកា​នេះ​​ដើម្បី​ជួយ​ផ្នែក​អនាម័យ​ដល់​ប្រទេស​ទាំងពីរ​ ក្នុង​ការ​សាង​សង់​បង្គន់​អនាម័យ​និង​អប់​រំ​ប្រជា​ពលរដ្ឋ។ 
សម្រាប់​លោក​ស្រី​ មាជ សុធារី​ នាយិការ​ប្រតិបត្តិ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​​យល់ ​ថា​ការអប់រំ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​ទម្លាប់​រស់​នៅ​ដែល​មាន​អនាម័យ​គឺ ​ជា​ការចាំបាច់​ផង​ដែរ។ 

«ការធ្វើ​បង្គន់​យើង​មិន​មែនគ្រាន់​តែ​ទៅ​ដល់​លើក​ទឹកចិត្ត​ឱ្យ​គាត់​ធ្វើ​ ទេ​ យើង​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​គាត់​ឱ្យ​គាត់​យល់​ថា​ហេតុ​អ្វី​ដែល​ គាត់​គួរ​ត្រូវ​ប្រើ​ប្រាស់​បង្គន់​ ថាតើ​វា​មាន​ផលវិបាក​យ៉ាង​ណាខ្លះ​នៅ​ពេល​ដែល​គាត់​ប្រើ​ បន្ទោរ​បង់​ពាសវាល​ពាស​កាល​វាអាច​មាន​ផលវិបាក​អ្វី​​ខ្លះ។ ​យើង​លើក​ឡើង​ឱ្យ​​គាត់​ដឹង​ហើយ​នៅ​ពេល​ដែល​ប្រើ​ប្រាស់​បង្គន់​អនាម័យ​តើ​ គាត់​មាន​ផលចំណេញ​អ្វី​ខ្លះ​។ ច៎ាស​ អឹចឹង​យើង​ធ្វើការ​ប្រៀបធៀប​ឱ្យ​គាត់»។​

សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​​​ជា​ភាគី​អនុវត្តន៍​ គម្រោង​មួយ​ក្នុង​ប្រទេស​កម្ពុជា​​របស់​មូលនិធិ​របស់​លោក​ប៊ីលហ្កេត​ដែល​ ផ្តល់ជូន​តាម​រយៈ​អង្គការ​ East  Meets West​ ដែល​នឹង​ត្រូវ​ផ្តោត​លើ​ការ​ជួយ​សាង​សង់​បង្គន់​អនាម័យ​ដល់​ប្រជា​ពលរដ្ឋ​ ក្រីក្រ ​នៅ​ស្រុក​មួយ​ចំនួន​ក្នុង​​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពត។ 

លោក​សូត្រ យា ​អភិបាល​រង​ខេត្ត​កំពត​បាន​លើក​ឡើង​​ពី​​​ការខិតខំ​ប្រឹង​ប្រែង​ក្នុង​ពេល​ កន្លង​មក​ប៉ុន្តែ​បាន​បញ្ជាក់​ពី​តម្រូវ​ការ​បន្ថែម​ដើម្បី​ឱ្យ​ប្រជា​ ពលរដ្ឋ​មានការ​យល់​ដឹង​កាន់​តែ​ច្រើន។​

«បើយើង​និយាយ​ពី​សេវា​បង្គន់​អនាម័យ​ប្រៀបធៀប​ទូទាំង​ខេត្ត​វា​តែងតែ​មាន​ ការ​ខ្វះខាត​ហើយ​ព្រោះ បញ្ហា​ប្រជា​កសិករ​យើង​លោក​តាម​ធម្មតា​ធម្មជាតិ​របស់​គាត់​ គឺ​គាត់​មិន​សូវ​គិត​ពីរឿង​អនាម័យ​ទេ​ប៉ុន្តែ​ផ្ទះ​ដែល​នៅ ​ជាប់​ទីក្រុង​និង​ជនបទ​មួយ​ចំនួន​គេ​ក៏បាន​គិត​គូ​ពី​បញ្ហា​អនាម័យ​ដែរ​ ធ្វើ​បង្គន់​តាម​ស្តង់​ដា​ជាតិ​របស់​យើង​បាន​ឱ្យ​ ហើយ​ផ្ទះ​មួយ​​ចំនួន​នៅ​ជន​បទ​មិន​ទាន់​បាន​យក​ចិត្ត​ទុកដាក់​ពី​បញ្ហា​ ហ្នឹង​ទេ​ហើយ​ខេត្ត​យើង​ក៏​បាន​ជំរុញ​យក​ចិត្ត​ទុកដាក់​ដើម្បី ​ជំរុញ​ធ្វើ​យ៉ាង​ណា​សុំ​ឱ្យ​មាន​ដៃ​គូ​អភិវឌ្ឍន៍​ចូលរួម​ចំណែក​ជួយក៏​ដូច​ ជា​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ហ្នឹង​ដែរ​ដើម្បី ​បំប៉ន​សុខភាព​របស់​ខ្លួន​ធ្វើ​យ៉ាង​ម៉េច​កុំ​ឱ្យ​មាន​បញ្ហា​ហ្នឹង»។ 

ក្នុង​ទឹក​ប្រាក់​ជិត​១១​លាន​ដុល្លារ​​នេះ​គឺ​មាន​ចំនួន​៣០​ភាគរយ​នឹង​ត្រូវ​ចំណាយ​នៅ​​កម្ពុជា​និង​
៧០​ភាគរយ​សម្រាប់​ប្រទេស​វៀតណាម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ង្វៀន ម៉ីញចាវ នាយិកា​ប្រតិបត្តិ​អង្គការ​East Meets West ​ប្រចាំ​ប្រទេស​វៀតណាម។ ​​លោកស្រី​បញ្ជាក់​បន្ថែម​ថា​​ពលរដ្ឋ​ទាំង ​១,៧​ លាន​នាក់​​គឺ​ជា​​អ្នក​​ទទួលផល​ដោយ​ផ្ទាល់​តាម​រយៈ​ការ​ផ្តល់​សម្ភារៈ​សាង​ សង់​បង្គន់​​និង​ទទួល​ផល​ប្រយោល​តាម​រយៈ​ការទទួល​បាន​ចំណេះដឹង​​ពី​ការ​ អនុវត្ត​គម្រោង​ដែល​មាន​រយៈ​ពេល​បី​ឆ្នាំ​នេះ។

«យើង​មាន​តួរលេខ​បញ្ជាក់​ពី​ការខាតបង់​ខាងផ្នែក​សេដ្ឋកិច្ច​ដោយសារ​អនាម័យ​ មិនល្អ​មាន​ផល​ប៉ះពាល់​លើ​សុខភាព​និង​ផលិតកម្ម​។ ធនាគារ​ពិភពលោក​និង​អង្គការ​សុខភាព​ពិភពលោក​ប៉ាន់ស្មាន​ថា​ក្នុង​ទឹកប្រាក់​ មួយ​ដុល្លារ​ដែល​វិនិយោគ​លើ​ផ្នែក​អនាម័យ​ អ្នក​អាច​សន្សំ​បាន​ប្រាក់​៩​ដុល្លារ​វិញ​។ នេះ​បើ​យើង​គិត​ពី​​សកម្មភាព​ផលិតកម្ម។ ដូចនេះ​វា​ជា​ការទទួល​បាន​ផល​ល្អ​មកវិញ​ក្នុង​ការ​វិនិយោគ​លើ​ផ្នែក​ អនាម័យ»។
មូលនិធិ​ប៊ីលហ្កេត​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​បាន​គាំ​ទ្រ​ឱ្យ​មាន​ការដោះ​ ស្រាយ​បញ្ហា​ភាព​ក្រី​ក្រ​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប​​ ផ្ទុយ​ទៅវិញ​​កម្មវិធី​របស់​អង្គការ​ East Meets West ​មិន​ប្រើ​បច្ចេក​វិទ្យា​ទំនើប​ទេ​ប៉ុន្តែ​ផ្តោត​លើ​ការកែច្នៃ​គំនិត​និង​ បច្ចេក​ទេស​ថ្មី​ដោយ​ធ្វើ​ការ​ផ្តោត​សំខាន់​លើ​ដំណោះស្រាយ​ដែល​បង្ហាញ​ពី​ លទ្ធផល​ជាក់​ស្តែង៕ ​

0 comments:

Post a Comment