Sunday, January 13, 2013

វិធី​ថែរក្សា​ភ្នែក​ទាំង​គូដ៏​សែន​មានតម្លៃ​

វិធី​ថែរក្សា​ភ្នែក​ទាំង​គូដ៏​សែន​មានតម្លៃ​

​សារពាង្គកាយ​របស់​ម​នុស្ស​ទាំងមូល ភ្នែក​អាច​ចាត់ទុកថា​ជាសរីរាង្គ​មួយ​សំខាន់បំផុត​។ភាពស្រស់ស្អាត​នៃ​ ពិភពលោកដែល​មាននៅ​ជុំវិញខ្លួន​យើង​ គឺជា​កម្ម​សិទ្ធ​ផ្ដាច់មុខតែមួយគត់​របស់​ភ្នែក​។

វា​ពិត​ជាមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់ ប្រសិនបើ​យើង​មិនបានយក​ចិ​ត្ដ​ទុកដាក់​ថែរក្សា​ភ្នែកឱ្យបាន​ល្អ នឹង​មក​ពិនិត្យ​ព្យាបាលឱ្យទាន់​ពេលវេលា​នោះ​។​ ​
មូលហេតុ​បង្ក​ជំងឺ​ភ្នែក​ ​
តាម​ធម្មតា​ភ្នែក​ច្រើនមាន​បញ្ហា​ដោយសារ​ការធ្វេសប្រហែស មិនបាន​ព្យាបាល​ឱ្យបាន​ទាន់ពេលវេលា តែ​ជួនកាល​វា​ក៏​អាចបណ្ដាលមកពី​គ្រោះ​ថ្នាក់ដោយ​ចៃដន្យ​ដែរ​។​ ​
ការធ្វេសប្រហែស ៖ នៅពេល​ចេញមក​ខាងក្រៅ យើង​ត្រូវ​ប្រឈមមុខ​នឹងបរិយាកាស​ជុំវិញ ដែល​ហុច​ផល​អវិជ្ជមាន​ដល់ភ្នែក​ជាច្រើន ដូចជា​ពន្លឺព្រះអាទិត្យដែលមាន​កម្ដៅ​ខ្លាំង អាច​បណ្ដាលឱ្យ​ឈឺភ្នែក រកាំភ្នែក ភ្នែក​ស្ងួត​ទឹកជា​ដើម​ ធូលី​ដី​ដែលមានពាសពេញ​អាកាស អាច​បណ្ដាលឱ្យ​ភ្នែក​ឡើងបាយ រលាក​ភ្នែក រមាស់​ភ្នែក​ជាដើម​។
ការអាន​សៀវភៅ​រយៈពេល​យូរ ដោយ​មិនបានសម្រាក ការទទួល​រង​នូវ​ពន្លឺ​ខ្លាំងពេក ពី​អេ​ក្រង់​ទូរទស្សន៍ ឬ​កុំព្យូទ័រ ការព្រងើយកន្ដើយ​នឹង​រោគសញ្ញាតូចតាច​មួយចំនួន ក៏​ជា​មូល​ហេតុដែល​នាំឱ្យមានគ្រោះថ្នាក់​ដល់​ភ្នែក​ផងដែរ​។​ ​
គ្រោះថ្នាក់​ចៃដន្យ ៖ មាន​ករណី​ធ្ងន់ធ្ងរ​ជាច្រើន ដែល​បាន​ស្ដែងចេញ​ឡើង​តាមរយៈ​គ្រោះថ្នាក់​នេះ ដូចជា​របួស​ភ្នែក​បណ្ដាលមកពី​ការចាក់រុកឬ​វាយតប់​គ្នា​ដែល​បណ្ដាលឱ្យ​ភ្នែក​ ជាំ ឬ​ប្រេះស្រាំនិង​សត្វ​ចឹក​ដែល​អាច​បណ្ដាលឱ្យ​ខ្វាក់ភ្នែក​តែម្ដង​។
គ្រាប់​ថ្ម សត្វ ល្អិត ឬ​គ្រាប់ស្រូវ​ចូល​ភ្នែក ករណី​ទាំងនេះបើ​ទុក​យូរ​មិន​ប្រញាប់​ព្យាបាលឱ្យទាន់ពេល​ទេនោះ វា​នឹង​អាច​នាំឱ្យ​បាត់បង់​នូវ​ឱកាស សង្ឃឹមឬ​គ្មាន​សង្ឃឹម​តែម្ដង​។​
​ប្រភេទ​ជំងឺ​ភ្នែក​ ​
សព្វថ្ងៃនេះ មន្ទីរពេទ្យ​រដ្ឋ​ឯកទេស​ភ្នែក មាន​រហូតដល់​ទៅ​១៦​កន្លែង នៅ​ទូទាំងប្រទេស​។ នៅក្នុង​ឆ្នាំ​២០០៥ មាន​អ្នកជំងឺ ភ្នែក​រហូតដល់​ទៅ ២០.០០០​នាក់ ដែល​បាន​ទទួលយក​នូវ​សេវាកម្ម ពី​អ្នកជំនាញ​របស់​យើង ហើយ​បាន​រកឃើញ​នូវ​ប្រភេទ​ជំងឺ​មួយចំនួន​។​ ​
ជំងឺ​ភ្នែក​ស្ងួត​ទឹក ៖ ដោយសារ​ខែ​នេះ​ជា​ខែប្រាំង អាកាសធាតុ​ក្ដៅ​ខ្លាំង​ជាហេតុ នាំឱ្យមាន​អាការ​នេះ កើត​លើ​ប្រជាពលរដ្ឋ ខ្មែរ​ប្រមាណ​ជា​៧០%​។ រោគសញ្ញា​របស់​ជំងឺ​នេះ​មាន ដូចជា​ហៀរ​ទឹកភ្នែក ចាញ់​ពន្លឺ មាន​អារម្មណ៍​ថា​ដូច​ជាមាន​អ្វី​នៅក្នុង​ភ្នែក ភ្នែក រកាំ ស្រវាំងភ្នែក​ជាដើម​។ ជំងឺ​នេះ មិនសូវ​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ដោយ​អាច​ព្យាបាល​បាន ដោយ​គ្រាន់តែ​ដាក់​ថ្នាំ​ទឹកភ្នែក​សិប្បនិម្មិត ប៉ុណ្ណោះ​។​
​ភ្នែក​មី​ញ៉ូ​ប ៖ គឺជា​លក្ខណៈ​របស់​ភ្នែក​ដែល មិនអាច​មើល​ឆ្ងាយ​បាន​ច្បាស់ តែ​មើល​ជិត​ច្បាស់ ដោយសារ​កាំ​ពន្លឺ ឬ​រូបភាព មក​ផ្ដុំគ្នា​នៅខាងមុខ​សរសៃ​បាត​ភ្នែក (​រ៉េ​ទីន​) ជាហេតុ​នាំឱ្យ​ភ្នែក​ចុក​រោយ ក្ដៅ​ភ្នែក ហៀរ​ទឹកភ្នែក ឧស្សាហ៍​ព្រិច​ភ្នែក​ពេល​មើល​វត្ថុ នៅ​ឆ្ងាយ និង​ឈឺក្បាល​នៅ​ម្ដុំ​ថ្ងាស​។ អាការ​ទាំងនេះ​កាន់តែខ្លាំង នៅពេល​ប្រើប្រាស់​ភ្នែក​ច្រើន ដូចជា​អាន​សៀវភៅ ឬ​ប្រើ​កុំព្យូទ័រ​។ ជាទូទៅ​មនុស្ស​អាយុ​ចាប់ពី​៤០ ដល់​៥០​ឆ្នាំ តែងតែ​ប្រឈមមុខ​នឹង​បញ្ហា​នេះ​។​
​ជំងឺ​បាយ​ភ្នែក​ពី​កំណើត ៖ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​នេះ គឺ​ចលនា​របស់​ភ្នែក​ប្រ​ព្រឹ​ត្ដិ​ទៅ ដោយ​មិន​ប្រក្រតី គំហើញ​មានការ ថយចុះ កូនក្រមុំ​ភ្នែក​ឡើង​ស ហើយ​ភ្នែក​ដូចជា​រាង​ស្រលៀង​បន្ដិច​។​ ​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក ៖ អាការរោគ​មាន ដូចជា​ហៀរ​ទឹកភ្នែក​ខ្លាំង ខ្លាច​ពន្លឺ​ថ្ងៃ​ខ្លាំង កញ្ចក់ភ្នែក​រីក​ធំ ហើយ​គំហើញ​ក៏មាន​ការ ថយចុះ​ខ្លាំង​។​ ​
របួស​ខ្ទាំ​គ្រាប់ភ្នែក ៖ ភាគច្រើន​បង្កឡើង​ដោយសារ ការ​វាយតប់​គ្នា ឬ​ប៉ះទង្គិច​នឹង​ភ្នែក​ខ្លាំង ដែល​បណ្ដាលឱ្យ​ហើម​ត្របក ភ្នែក កញ្ចក់ភ្នែក​ស្រអាប់ ឈាម​នៅក្នុង​បន្ទប់​មុខ​ភ្នែក គំហើញ​ថយចុះ​ខ្លាំង ហើយ​ជាពិសេស​ឈឺចាប់​ក្នុង​ភ្នែក​ខ្លាំង​។​ ​
របួស​ធ្លាយ​គ្រាប់ភ្នែក ៖ ការ​គប់​គ្នា​ដោយ​វត្ថុ​រឹង ឬ​ស្រួច​ទៅលើ​ភ្នែក អាច​បណ្ដាលឱ្យ​គំហើញ​មានការ​ថយចុះ​ជាខ្លាំង កូន ក្រមុំ​មិន​នៅ​ចំ​កណ្ដាល បន្ទប់​មុខ​នៃ​ភ្នែក​រាក់ ប្រ​ស្រី​ភ្នែក​លៀន​តាម​មុខរបួស ជាពិសេស​ធ្លាយ​កញ្ចក់ភ្នែក​ដែលជា​អាការ​ធ្ងន់ធ្ងរ​។​ ​
វិធី​ការពារ​ភ្នែក​ ​
មានវី​ធី​ងាយៗ ដូចជា​ការពា​ក់វែ​នតា​ការពារ​កម្ដៅថ្ងៃ រៀងរាល់​ពេលដែល​យើង​ចេញ​ក្រៅ​ផ្ទះ ឬ​ពេលដែល​អាកាសធាតុ​ក្ដៅ ខ្លាំង (​ដើម្បី​កាត់បន្ថយ​កម្ដៅ​) ឬក៏​អាច​ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​ធូលី​ដី​ហុយ​ចូល​ភ្នែក និង​គួរតែ​លុបមុខ​ជាមួយនឹង​ទឹកស្អាត​ជា និច្ច​នៅ​រាល់ពេល​ដែលមាន​ធូលី​ជាប់​ភ្នែក ឬ​ពេល​មកពី​ខាងក្រៅ​វិញ​។ ការទទួល​ទាន​បន្លែ ឬ​ផ្លែឈើ​ដែលមាន​ជីវជាតិ​វីតាមីន​អា ដូចជា ការ៉ុត ល្ហុង ខ្នុរ​ជាដើម ក៏​អាចជួយ​ថែរក្សា​ភ្នែក​បានដែរ តែ​ការ​ទទួលទាន​ថ្នាំ​គ្រាប់​វីតាមីន​អា​ច្រើនពេក ពិត​មិនមាន​ប្រយោជន៍​ចំពោះ មនុស្ស​ធំ​ទេ ផ្ទុយទៅវិញ​វា​ធ្វើឱ្យ​ហើម​សរសៃ​អុ​ប​ទិច​។ ថ្នាំ​គ្រាប់ វីតាមីន​អានេះ វា​មាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់តែ​ក្មេង​អាយុ​ក្រោម ៦​ឆ្នាំ​ប៉ុណ្ណោះ​។
វិធី​បូរាណ​មួយចំនួន មិនគួរ​យកមកប្រើ​ទេ ជាអាទិ​ការលាង​ភ្នែក​ដោយ​ទឹក​ម្លូ ករណី​ភ្នែក​រលាត់​ដោយ​ការ​អេះ ឬ​ទង្គិច វា​នាំឱ្យ​មេរោគ​ដែលមាន​នៅលើ​ស្លឹកម្លូ មានឱកាស​យ៊ា​យី​ភ្នែក​បាន​។​ ​រីឯ​កុមារ​គួរ​ត្រូវយក​ចិ​ត្ដ​ទុកដាក់ តាំងពី​កើតមក​ភ្លាម ដោយ​ត្រូវ​សម្អាត​ភ្នែក និង​មុខ​ឱ្យបាន​ស្អាត​ជានិច្ច ហើយ​គួរ​នាំ​កុមារ ទៅ​ទទួល​ថ្នាំ​គ្រាប់​វីតាមីន​អា ឱ្យបាន​គ្រប់គ្រាន់ និង​គួរ​បន្ដក់ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​នៅក្នុង​ភ្នែក​ផង​។ ករណី​កុមារ​ភ្នែក​ក្រហម ហើម​ភ្នែក មើល​មិន​ច្បាស់​ល្អ ឬ​កូនក្រមុំ​ភ្នែក​ពណ៌​ស គួរ​ប្រញាប់​នាំ​កុមារ​ទៅកាន់ មន្ទីរពេទ្យ​ជាបន្ទាន់​។​ ​ចូរ​អប់រំ​កូនចៅ​កុំឱ្យ​លេង របស់​ណា​ដែល​អាច​បង្ក​មហន្ដរាយ​ដល់​ភ្នែក ហើយ​បើសិនជា​មានការ​ប៉ះទង្គិច រកាំភ្នែក​ខ្លាំង ឬ​ឈឺ ភ្នែក​ខ្លាំង ពិសេស​បើ​សង្ស័យថា​ភ្នែកមាន​បញ្ហា សូម​ប្រញាប់​មកកាន់​មន្ទីរពេទ្យ​ភ្នែក ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ទទួល​ការ​ពិ​និ ត្យ និង​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​៕​

0 comments:

Post a Comment