Sunday, January 13, 2013

៤ ​យ៉ាង​ដើម្បី​ជៀសវាង​ការ​ចម្លង​ផ្ដាសាយ​​នៅ​កន្លែង​ធ្វើ​ការ

៤ ​យ៉ាង​ដើម្បី​ជៀសវាង​ការ​ចម្លង​ផ្ដាសាយ​​នៅ​កន្លែង​ធ្វើ​ការ

​ អាកាសធាតុ​នា​ដើម​ខែ​មករា​ឆ្នាំ​ថ្មី​នេះ​ចាប់​ផ្ដើម​ត្រជាក់​​​ដូច​សព្វមួយ ​ដង ​​​​ដែល​នេះ​​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ប្រឈម​នឹង​បញ្ហា​ជំងឺ​មួយ​គឺ ​ផ្ដាសាយ។ ​ផ្ដាសាយ​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ខ្លាំង​ណាស់ ​​​ដូច្នេះ​ដើម្បី​​បង្ការ​​កុំ​​ឲ្យ​ជំងឺ​នេះ​រាតត្បាត​នៅ​ក្នុង​គ្រួសារ​​ ក៏​ដូច​ជា​នៅ​កន្លែង​ធ្វើ​ការ​  យើង​សូម​លើក​យក​​វីធី​បង្ការ​ ៤ ​យ៉ាង ​​ដែល​ជា​​ដំបូន្មាន​របស់​លោក​វេជ្ជបណ្ឌិត​ David Scheiner។ ​វេជ្ជបណ្ឌិត​ខាង​លើ​​ធ្លាប់​ជា​អ្នក​​មើល​ថែ​ទាំ​សុខភាព​ មេដឹកនាំ​ដ៏​ល្បី​អាមេរិក​​គឺ ​លោក​​​ បារ៉ាក់​ អូបាម៉ា​ ឲ្យ​មាន​សុភាព​ល្អ​អស់​រយៈពេល ២២​​ ​ផង​ដែរ។ ​អីចឹង​ ចាប់​ផ្ដើម​ពី​ចំណុច​ទី​ ១​ តែ​ម្ដង!
១. ​ចាក់​វ៉ាក់សាំង​ផ្ដាសាយ
​ ​ចំពោះ​អ្នក​ដែល​តែង​មាន​ជំងឺ​ផ្ដាសាយ​ជាប់​រហូត ​ពិសេស​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ហើម​សួត​ គួរ​ទៅ​រក​ការ​ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ។ ​​បើ​ទោះ​ជា ​វ៉ាក់សាំង​នេះ​មិន​មាន​ប្រសិទ្ធភាព​ ១០០% ​វា​ក៏​អាច​ការពារ​អ្នក​បាន​ ៧០% ផង​ដែរ។ ​ហើយ​ចំពោះ​អ្នក​ ដែល​កំពុង​មាន​ជំងឺ​ផ្ដាសាយ​ស្រាប់​ វា​អាច​ឲ្យ​ធ្វើ​​ឲ្យ​សភាព​របស់​អ្នក​ធូរ​ស្បើយ​ជាង​មុន។
២. ​ជៀសវាង​ហ្វូង​មនុស្ស​
​ការ​នៅ​កន្លែង​ដែល​មាន​មនុស្ស​កុះករ​ អាច​ឲ្យ​អ្នក​ប្រឈម​នឹង​ការ​ឆ្លង​ផ្ដាសាយ​ខ្ពស់។ ​ដូច្នេះ ​អ្នក​គួរ​​នៅ​ឲ្យ​ឆ្ងាយ​ពី​​​តំបន់​ដែល​មាន​​មនុស្ស​ច្រើន ​ហើយ​បើ​មិន​អាច​ជៀស​បាន​ត្រូវ​​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ។
៣. ​ត្រូវ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់
​ ​​តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា ​ការិយាល័យ​ជា​​កន្លែង​មួយ​ដែល​កខ្វក់ ខណៈ​ដែល​បុគ្គលិក​មាន​ប្រហែល ១៥ % ​ប៉ុណ្ណោះ​ដែល​​សម្អាត​​ការិយាល័យ​របស់​ខ្លួន​ក្នុង​មួយ​សប្ដាហ៍​។ ដូច្នេះ​ការ​លាង​ដៃ​ជា​ប្រចាំ​​ជា​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​បង្ការ​ មេរោគ​ឆ្លង​ទាំង​ឡាយ ​ជា​ពិសេស​ក្រោយ​ប្រាស្រ័យ​ទាក់ទង​​ជាមួយ​អ្នក​មាន​ជំងឺ​ផ្ដាសាយ។ ​​ការ​លាង​ដៃ​គួរ​ត្រូវ​ធ្វើ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ២០ វិនាទី។ ​ការ​ប្រើ​ទឹក​លាង​ដៃ (hand Sanitizer) ​ឬ​ដាក់​ជាប់​ខ្លួន​​ក៏​ជា​រឿង​​ដ៏​ល្អ​ដែរ។
៤.​ ​ទៅ​ជួប​គ្រូពេទ្យ
​ ប្រសិន​បើ​អ្នក​គិត​ថា ​ខ្លួន​កើត​ផ្ដាសាយ​តែ​មិន​ប្រាកដ​ ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ​ដោយសារ​​ ប្រជាជន​យើង​មិន​សូវ​ចូលចិត្ត​ទៅ​ជួប​វេជ្ជបណ្ឌិត​ព្រោះ​​យល់​ថា ​នេះ​ជាំ​​ជំងឺ​តូចតាច​ ​ការ​រក្សា​លេខ​ទំនាក់ទំនង​របស់​គ្រូពេទ្យ​ជា​រឿង​ដ៏​ល្អ​មួយ។ ​​ទូរស័ព្ទ​ទៅ​សួរ​គ្រូពេទ្យ ​និង​រៀបរាប់​ពី​អាការៈ​​របស់​អ្នក​ឲ្យ​គ្រូពេទ្យ​វាយ​តម្លៃ ​និង​ឲ្យ​ដំបូន្មាន​​នៅ​ពេល​អ្នក​មាន​អាការៈ​ដូច​ចង់​ផ្ដាសាយ។ ​​​​​​​​

បើ​សិន​អ្នក​កំពុង​មាន​ជំងឺ ​លោក​វេជ្ជបណ្ឌិត Scheiner ​ឲ្យ​ដំបូន្មាន​​ថា ​ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន ​សម្រាក​ឲ្យ​បាន​ច្រើន ​​និង​មិន​ត្រូវ​​នៅ​កន្លែង​ដែល​មាន​អាកាសធាតុ​ត្រជាក់​នោះ​ទេ។
សូម​ថែ​រក្សា​សុខភាព​របស់​អ្នក​ឲ្យ​បាន​ល្អ​ កុំ​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​នា​​ដើម​​ឆ្នាំ​​ថ្មី ​ដ៏​ត្រជាក់​នេះ។

0 comments:

Post a Comment