Friday, January 18, 2013

ជំងឺ​ទឹកនោម​ផ្អែម​កើនឡើង​នៅកម្ពុជា


ជំងឺ​ទឹកនោម​ផ្អែម​កើនឡើង​នៅកម្ពុជា​ ហើយ​ពលរដ្ឋ​មិនសូវ​យល់ដឹង​អំពីជំងឺ​នេះ​ទេ

យ៉ាងហោចណាស់​ ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាយុ​ចន្លោះ​ពី​២៥​ឆ្នាំទៅ​៦៤​ ឆ្នាំ​ប្រមាណ​ជា​៣០​ម៉ឺននា​ក់​បាន​កើត​ជំងឺ​ទឹកនោ​ម​ផ្អែម​។
ស្រ្តី​ម្នាក់​បីកូន​ទៅកាន់​ឳសថ​ស្ថាន​មួយ​កន្លែង។
ភ្នំពេញ៖ មន្ត្រី​ជំនាញ​ផ្នែក​ជំងឺ​ទឹកនោម​ផ្អែម​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ ស្ថានភាព​ជំងឺ​ទឹក​នោម​ផ្អែម​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារ​ប្រជាពលរដ្ឋ​ ភាគ​ច្រើន​នៅ​មិន​ទាន់​បាន​យល់ដឹង​និង​ចាប់​អារម្មណ៍​អំពី​គ្រោះ​ថា្នក់​នៃ​ ជំងឺ​នេះ​នៅឡើយ។​
យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាយុ​ចន្លោះ​ពី​២៥ ​ឆ្នាំទៅ​៦៤​ឆ្នាំ​ប្រមាណ​ជា​៣០​ម៉ឺននា​ក់​បាន​កើត​ជំងឺ​ទឹកនោ​ម​ផ្អែម​ ពោល​គឺ​ប្រហែល​ជា​៣​ភាគរយ​នៃ​ប្រជាជន​មាន​អាយុ​ក្នុង​ចន្លោះ​នេះ។​ ហើយ​ភាគច្រើន​នៃ​អ្នក​ជំងឺ​ច្រើន​រស់នៅ​ទីក្រុង​និង​ទី​ប្រជុំជន។​ នេះ​បើ​យោង​តាម​ការ​អង្កេត​ស្រាវ​ជ្រាវ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។​
លោកស្រី​វេជ្ជបណ្ឌិត ប្រាក់ ​ពិសិដ្ឋ​រង្សី ​ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព​នៃ​ក្រសួង​សុខាភិបាល​ បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹងការ​កើត​ជំងឺ​ ទឹកនោម​ផ្អែម​គួរឲ្យ​ព្រួយ​បារម្ភ​ពី​ ព្រោះ​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​ជា​២០​ភាគរយ​តែ​ប៉ុណ្ណោះ​មាន​ការ​យល់ដឹង​ អំពី​ជំងឺ​នេះ។​
លោកស្រី​បាន​បញ្ជាក់​ថា​ ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម​មិនមែន​ជា​ជំងឺឆ្លង​ ហើយ​ការ​ផ្សព្វផ្សាយ​អំពី​ជំងឺ​នេះ​នៅ​មានកម្រិត​នៅឡើយ ​ទើប​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ចាប់​អារម្មណ៍​ស្វែង​យល់​ពី​ជំងឺ​នេះ។​
លោកស្រី​បាន​ព្រមាន​ថា ​ជំងឺ​ទឹកនោម​ផ្អែម​អាច​ធ្វើឲ្យ​អ្នក​ជំងឺ​ស្លាប់​ក្នុង​វ័យក្មេង​ប្រសិនបើ​ អ្នក​ជំងឺ​មិន​យក​ចិត្តទុក​ដាក់​ក្នុងការ​ព្យាបាល​និង​តាមដាន​នោះ​ទេ។​
គេ​ថា ​ជំងឺ​មិនឆ្លង​ជា​ជំងឺ​មួយ​ដែល​ថា ​គ្មាន​នរណា​ចាប់​អារម្មណ៍​ សូម្បីតែ​សាម៉ី​ខ្លួន ​ខ្លួន​ឯង​ក៏​មិន​ចាប់​អារម្មណ៍​ដែរ។ ​ជួនកាល​ដល់​ពេល​ដែលធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ទើប​គាត់​ចាប់​អារម្មណ៍។​ នៅ​ពេល​ដែល​គាត់​មាន​សុខភាព​ល្អ ​គាត់​អត់​មាន​ព្យាយាម​ទៅ​ពិនិត្យ​សុខភាព​របស់​គាត់​ទេ។ ​
នេះ​ជាអត្ត​ចរិតមួយ​គួរ​ផ្លាស់ប្តូរ។​យើង​មាន​ការ​ព្រួយបារម្ភ​ណាស់។ បើ​យើង​អត់​មាន​វិធាន​ការ​ទប់ស្កាត់ ​អប់រំ​ណែនាំ​ទេ ​វា​អាច​ធ្វើឲ្យ​ តាំង​ពី​វ័យក្មេង​ទៅ ​នឹង​អាច​ប្រឈម​កាន់​តែ​ខ្លាំង»។​
ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ជាតិ​ស្ករ​ក្នុង​សរីរាង្គ​លើស​ ពីកម្រិត​ធម្មតា។​ ជំងឺ​ទឹក​នោម​ផ្អែម​មាន​២​ប្រភេទ។​ ប្រភេទ​ទី​១​ជំងឺ​ច្រើន​កើត​តែ​ទៅ​លើ​កូន​ក្មេង និង​មនុស្ស​ជំទង់ ​ដែល​មាន​ប្រមាណ​ជា​៥​ទៅ​១០​ភាគរយ​នៃ​អ្នក​ជំងឺ​សរុប។​ ប្រភេទ​ទី​២​ ច្រើន​កើត​នៅលើ​មនុស្ស​ពេញវ័យ។​
ជា​មធ្យម​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រហែល​ជា​៥០​ភាគរយ​មិន​បាន​ដឹង​ខ្លួន​ថា ​មាន​ជំងឺ​នោះ​ទេ។ ​មូលហេតុ​ដែល​បង្កឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​មាន​ដូចជា ​លក្ខណៈ​តពូជ​ របៀប​រស់នៅ​ របប​អាហារ​ ខ្វះ​លំហាត់ប្រាណ ​សភាព​លើស​ទំងន់​ ឬ​ធាត់ អាយុ​លើស​ពី​ពាក់កណ្តាល​ជីវិត​ឡើង​ទៅ ​ស្រី្ត​មាន​ផ្ទៃពោះ ​ការព្រួយ​បារម្ភ​ និង​មាន​ការ​តឹងតែង​ក្នុង​ចិត្ត​ជា​ដើម។​
រោគ​សញ្ញា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​មានដូចជា ​អស់​កម្លាំង ​ស្រវាំងភ្នែក​ នោម​ច្រើន នោម​ញឹក​ញាប់​ ស្រេកទឹក​ជារឿយៗ​ រោយ​ និង​ចុក​ជើង។ ​របួស​របស់​អ្នក​មាន​ជំងឺនេះ​មើល​មិន​ងាយ​ជា​សះស្បើយទេ។ ​ក៏​ប៉ុន្តែ​មាន​បុគ្គល​ខ្លះ​ រោគសញ្ញា​ទាំង​អស់នេះ​ពុំ​បាន​បង្ហាញ​ឡើង​ទេ​ ប៉ុន្តែ​ស្រាប់តែ​កើត​មាន​ជំងឺ​នេះ​តែម្តង។ ​របប​អាហារ​និង​ការ​ហាត់ប្រាណ​គឺ​ជា​កត្កា​សំខាន់​មួយ​ក្នុង​ការ​ព្យាបាល​ ជំងឺ​ទឹកនោម​ផ្អែម។​
លោក​វេជ្ជបណ្ឌិត​ទូច ខុន ​ជា​ប្រធាន​ផ្នែក​ជំងឺ​ទឹកនោម​ផ្អែម​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​និង​ជា​ អនុប្រធាន​នៃ​សមាគម​ជំងឺ​ទឹកនោម​ផ្អែម​កម្ពុជា​ បានឲ្យ​ដឹង​ដែរ​ថា​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ មាន​ចំនួន​កើនឡើង​ជា​រៀង​រហូត ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ហើយ​បើសិនជា​មិន​មាន​វិធានការ​​ទប់ស្កាត់​នោះ​ទេ ​ប្រហែល​ជាង​១០​ឆ្នាំ​ទៀត​អ្នក​កើត​ជំងឺ​ទឹកនោម​មាន​លើស​ពី​៦០​ម៉ឺន​នាក់។​
លោក​បាន​បន្ត​ថា ​ជំងឺ​ទឹកនោម​ផ្អែម​បង្ក​ការ​លំបាក​ជាច្រើន​ដល់​អ្នកជំងឺ​ ដូចជា​ត្រូវ​ដួល​ សន្លប់​ភ្លាមៗ​ បើសិនជា​ជាតិ​ស្ករ​មាន​ការចុះ​ខ្លាំង​ពេក ​ឬក៏​ឡើង​ខ្ពស់​ពេក។​ ជំងឺ​នេះ​ក៏​អាច​បង្កឲ្យ​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង​ ជំងឺ​តម្រង​នោម ​ជំងឺ​សរសៃ​ប្រសាទ​ និង​ជំងឺ​ងងឹត​ភ្នែក​ជាដើម។​
លោក​បាន​ចាត់ទុក​ថា​ ជំងឺ​ទឹកនោម​ផ្អែម​គឺ​ជា​ឃាតករ​លាក់​មុខ​ដែល​អាច​សម្លាប់​មនុស្ស​ បាន​ដោយ​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ដឹង​ថា​ ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ។​
«ពី​ព្រោះ​អី​យើង​ឃើញ​ ដោយសារ​អត្រា​នៃ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​នេះ​វា​ចេះ​តែ​កើន​ឡើង​រហូត។ ​ជា​ពិសេស​អ្នក​ដែល​មាន​បញ្ហា​ ផលវិបាក​ក៏​មាន​ការ​កើន​ឡើង​ខ្ពស់។​ ថ្ងៃក្រោយ​យើង​នឹង​មាន​បញ្ហា​ច្រើន​ចំពោះ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ​មាន​ផលវិបាក​ច្រើនណាស់។ ​ជំងឺ​ទឹកនោម​ផ្អែម​គឺ​ហាក់បី​ដូចជា​ឃាតករ​ស្ងៀម​ស្ងាត់»។​
លោកស្រី​វេជ្ជបណ្ឌិត ​ប្រាក់ ​ពិសិដ្ឋ​រង្សី​ឲ្យដឹង​បន្ត​ថា​ ​ជំងឺ​ទឹកនោម​ផ្អែម​ប៉ះពាល់​ជា​ខ្លាំង​ដល់​សេដ្ឋកិច្ច​សង្គម ​និង​គ្រួសារ​ ពីព្រោះ​ក្រុមគ្រួសារ​ត្រូវ​ចំណាយ​ថវិកា​ជា​ច្រើន​លើ​ការ​ព្យាបាល ​រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​អ្នក​ជំងឺ។
លោក​ម៉ូ​រីតស៍ វ៉ាន់​ប៉ែល ​ប្រធាន​អង្គការ​មណ្ឌល​ព័ត៌មាន​ជំងឺ​ទឹកនោម​ផ្អែម​  បាន​ឲ្យ​ដឹង​ថា ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​អ្នក​ជំងឺ​ សំខាន់​បំផុត​ត្រូវ​ចេះ​គ្រប់គ្រង​លើ​ខ្លួន​ឯង​ ដូចជា​ការ​តាមដាន​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន​របប​អាហារ​ និង​ហាត់ប្រាណ​ជា​ដើម។​
លោក​បាន​បន្ត​ថា​ អង្គការ​មណ្ឌល​ព័ត៌មាន​ជំងឺ​ទឹកនោម​ផ្អែម​បាន​បង្កើត​បណ្តាញ​មិត្ត​អប់រំ​ មិត្ត​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៥​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​ឲ្យ ​អ្នកជំងឺ​ទឹកនោម​ផ្អែម​មាន​លទ្ធភាព​ទទួល​បាន​នូវ​ព័ត៌មាន​ត្រឹមត្រូវ​ ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ។​
«ជាក់ស្តែង​ជំងឺ​នេះ​គឺ​មិនអាច​ជា​ដាច់​ទេ។​ គាត់​ត្រូវ​រៀន​គ្រប់គ្រង​ដើម្បី​គាត់​រស់​ធម្មតា​បាន។​ បើសិន​គាត់​រៀន​គ្រប់គ្រង​ជំងឺ​ខ្លួនឯង​ខ្លះ​ ហើយ​ពេល​ណា​គាត់​ត្រូវ​ការ​ជួប​ជាមួយ​ពេទ្យ​ ប៉ុន្មាន​ដង​ក្នុង​មួយ​ឆ្នាំ​ ក្រោយ​មក​គាត់​វាស់​ខ្លួន​ឯង​ គាត់​យល់​ គាត់​ហូប​អី​ត្រឹមត្រូវ ​គាត់​ហាត់​ប្រាណ​ត្រឹមត្រូវ​​ អញ្ជឹង​គាត់​រស់​បាន​ធម្មតា។​បើសិន​គាត់​អត់​យល់​ថា​ គ្រប់គ្រង​ដូចម្តេច​ បន្ទាប់​មក​គាត់​ទៅ​ពេទ្យ​អាហ្នឹង​ ចាយ លុយ​ច្រើន​ណាស់»។​
ដើម្បី​ជួយ​ទប់ស្កាត់​ការកើន​ឡើង​នៃ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​ លោកស្រី​វេជ្ជបណ្ឌិត ​ប្រាក់ ពិសិដ្ឋ​រង្សី​បាន​ឲ្យដឹង​ថា ​ក្រសួង​សុខាភិបាល​បាន​អប់រំ​ដល់​មន្ត្រី​ជំនាញ​សម្រាប់​​ធ្វើ​ការ​ណែនាំ​ ដល់​អ្នកជំងឺ​ដែល​បាន​មក​ព្យាបាល ​ចែក​ខិត​បណ្ណ​ព័ត៌មាន​អំពី​ជំងឺ​ទឹកនោម​ផ្អែម​ដល់​ប្រជាជន ​ហើយ​នៅក្នុង​ឆ្នាំនេះ​ការ​យល់​ដឹង​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​បាន​ដាក់​ បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា ​អប់រំ​ចំណេះ​​ដឹង​ទូទៅ ​ហើយ​សិស្សានុសិស្ស​កម្ពុជា​នឹង​ចាប់ផ្តើម​សិក្សា​អំពី​ចំណេះដឹង​នេះ​នៅ​ ឆ្នាំ​ក្រោយ៕​

0 comments:

Post a Comment